ឈ្វេងយល់បន្ថែមនូវទម្រង់ផែនការការដឹកជញ្ជូនតាមផ្លូវអាកាស៖ អាកាសយានដ្ឋានអន្តជាតិសៀមរាបអង្គរ និងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បាននិងកំពុងដំណើរការដោយក្រុមហ៊ុន សម្បទានអាកាសយានដ្ឋាន (SCA) ជាមួយនឹងសិទ្ធិផ្តាច់មុខរហូតដល់ឆ្នាំ២០៤០ ក្នុងទម្រង់វិនិយោគសាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT) វិនិយោគក្រោមយន្តការរវាងរដ្ឋ និងក្រុមហ៊ុនឯកជន (PPP)។ ចំពោះ អាកាសយានដ្ឋានអន្តរជាតិតារាសាគរវិញ ហាក់នៅពុំទាន់មាការប្រតិបត្តិការនៅឡើយក្រោយពីថ្ងៃ សម្ពោធនិងដាក់ឱ្យប្រើប្រាស់។
ដោយឡែក អាកាសយានដ្ឋានស៊ីវិលក្នុងស្រុកមានចំនួន៥ ប៉ុន្តែមិនដំណើរការមានចំនួន៤ ដូចជា៖ អាកាសយានដ្ឋានបាត់ដំបង ស្ទឹងត្រែង កោះកុង និងមណ្ឌលគិរី ខណៈអាកាសយានដ្ឋានកំពង់ឆ្នាំងបាននិងកំពុងប្រើប្រាស់បែបយោធា និងគ្រប់គ្រងរួមគ្នាដោយរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល និងក្រសួងការពារជាតិ។ សមិទ្ធផលថ្មីដ៏ធំមួយក្នុងវិស័យអាកាសចរណ៍នោះ គឺ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ប្រភេទ 4F ដែលគ្រោងនឹងបញ្ចប់ និងដាក់ឱ្យដំណើរការ ដំណាក់កាលទី១ ក្នុងត្រីមាសទី៣ នៃឆ្នាំ២០២៥នេះ។
ការដឹកជញ្ជូនទំនិញ និងអ្នកដំណើរតាមផ្លូវអាកាសទាំងក្នុងនិងក្រៅប្រទេសត្រូវបានគេទទួលស្គាល់ថាជាមធ្យោបាយដឹកជញ្ជូនមួយយ៉ាងរហ័ស បើធៀបជាមួយនឹងមធ្យោបាយដឹកជញ្ជូនផ្សេងៗទៀត (តាមផ្លូវថ្នល់ ផ្លូវទឹក និងផ្លូវដែក)។ ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស មានបរិមាណ ៥៥ ៦៩៩តោន នៅឆ្នាំ២០២៣ បើធៀបនឹងឆ្នាំ២០២២ ចំនួន ៥៥ ០២៥តោន (កើនឡើង ១.២%)។ ខណៈចំនួន អ្នកដំណើរមានការកើនឡើងពី ២ ៣៨១ ៩៩៥នាក់ នៅឆ្នាំ២០២២ ទៅ ៥ ១១១ ៨១០នាក់ នៅឆ្នាំ ២០២៣ (កើនឡើងប្រមាណ ១១៤,៦%)៕
ស្រាវជ្រាវដោយ៖ Business Condo Cambodia
ទិន្នន័យដោយ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន




No comments:
Post a Comment